ទីតាំង៖ កំពង់ថ្កូវ ខេត្តសៀមរាប
សេចក្តីសង្ខេប៖ មជ្ឈមណ្ឌលសិប្បកម្មស្ត្រីផ្តល់ឱកាសចិញ្ចឹមជីវិតដល់ស្ត្រីគ្មានដីធ្លី។
អ្នកស្រី ប៊ុន ភឿត បានមកកាន់មជ្ឈមណ្ឌលសិប្បកម្មស្ត្រីសហគមន៍កំពង់ថ្កូវជារៀងរាល់ថ្ងៃ ដើម្បីត្បាញក្រមា។ អ្នកស្រីចំណាយពេល៦ខែដើម្បីរៀនពីរបៀបធ្វើក្រមាពីកប្បាសចម្រុះពណ៌តាមបែបប្រពៃណី ហើយឥឡូវនេះអ្នកស្រីអាចត្បាញបានរហូតដល់ទៅ៣ក្រមាក្នុងមួយថ្ងៃ។
ក្នុងឆ្នាំ ២០១០ ក្នុងកិច្ចប្រជុំអភិវឌ្ឍន៍ភូមិ៣ឆ្នាំរំកិលរបស់ពួកគេ អ្នកស្រី ប៊ុន ភឿត និងគ្រួសារ មានជីវភាពក្រីក្រគ្មានដីធ្លីធ្វើស្រែចម្ការ បានបង្ហាញពីចំណាប់អារម្មណ៍ចង់រៀនត្បាញក្រមា ដើម្បីអាចរកប្រាក់ចំណូលបាន។ អាស្រ័យហេតុនេះ អ្នកសម្របសម្រួលសហគមន៍ស្ម័គ្រចិត្តបានដាក់សំណើរបស់អ្នក្រីទៅអង្គការបន្ទាយស្រី ដើម្បីសុំជំនួយផ្នែកហិរញ្ញវត្ថុ ដើម្បីសាងសង់មជ្ឈមណ្ឌលសិប្បកម្ម និងបានទៅវត្តក្នុងស្រុករបស់ពួកគេ ដើម្បីស្វែងរកការបរិច្ចាគដីមួយចំនួន។ មជ្ឈមណ្ឌលនេះត្រូវបានសាងសង់ឡើងដោយមានការគាំទ្រផ្នែកហិរញ្ញវត្ថុពីអង្គការ CAFOD ហើយឥឡូវនេះមានឧបករណ៍ និងសម្ភារៈទាំងអស់ដែលចាំបាច់សម្រាប់ផលិតក្រមា រួមទាំងម៉ាស៊ីនតម្បាញចំនួន ៤ និងម៉ាស៊ីនដេរចំនួន ៩ ដោយសារការគាំទ្រផ្នែកហិរញ្ញវត្ថុពី Norwegian People’s Aid (NPA)។
អ្នកស្រី ប៊ុន ភឿត បានពន្យល់ថា៖ «ចំពោះក្រមានីមួយៗដែលខ្ញុំធ្វើ ខ្ញុំអាចរកបាន ១០០០រៀល។ “បន្ទាប់មកនៅចុងឆ្នាំ ខ្ញុំនឹងទទួលបានចំណែកនៃប្រាក់ចំណេញសរុប” ។ ឥឡូវនេះ អ្នកស្រី និងសមាជិក៣នាក់ផ្សេងទៀត នឹងត្រូវបានបណ្តុះបណ្តាលលើការបង្រៀនជំនាញតម្បាញដល់សមាជិកថ្មីៗ។ ជាធម្មតាគេពាក់ក្រមានៅក ឬក្បាល ប៉ុន្តែក៏ប្រើជាសារុង និងអង្រឹងសម្រាប់ទារកផងដែរ។ ក្រមាត្រូវបានលក់នៅក្នុងភូមិគោលដៅរបស់អង្គការបន្ទាយស្រី ហើយរហូតមកដល់ពេលនេះតម្រូវការគឺលើសពីការផ្គត់ផ្គង់សម្រាប់មុខទំនិញផលិតក្នុងស្រុកមួយនេះ។
បច្ចុប្បន្ន មានស្ត្រីចំនួន១០នាក់កំពុងធ្វើការនៅមជ្ឈមណ្ឌលសិប្បកម្មនេះ ដែលភាគច្រើនពួកគេមិនមានដីកសិកម្មនោះទេ។ ស្វាមីរបស់អ្នកស្រី ប៊ុន ភឿត មានជម្ងឺរបេង ដូច្នេះប្រាក់ចំណូលដែលអ្នកស្រីរកបានពីការងារនៅមជ្ឈមណ្ឌលសិប្បកម្ម គឺត្រូវផ្គត់ផ្គង់ខ្លួនឯង ប្តី និងកូន២នាក់។ អ្នកស្រី ប៊ុន ភឿត សង្ឃឹមថា មជ្ឈមណ្ឌលនេះអាចនឹងជីកអណ្តូងទឹកមួយក្នុងពេលឆាប់ៗនេះ ដើម្បីផ្តល់ទឹកដល់ពួកគាត់ដែលត្រូវការទឹកច្រើន ដើម្បីពួកគេអាចប្រើប្រាស់ទីធ្លាខាងក្រៅដើម្បីដាំបន្លែ។ អ្នកស្រី ប៊ុន ភឿតនិយាយថា៖ «ខ្ញុំចង់ឃើញមានសកម្មភាពដាំបន្លែ ដើម្បីឱ្យយើងខ្ញុំអាចដាំបន្លែហូបនៅផ្ទះ និងនៅសល់ពីនេះអាចយកទៅលក់នៅទីផ្សារបាន» ។
ជាក់ស្តែង បច្ចុប្បន្នអ្នកសម្របសម្រួលសហគមន៍កំពុងស្វែងរកការគាំទ្រក្នុងការសាងសង់អណ្តូងទឹកមួយ ដើម្បីឲ្យមជ្ឈមណ្ឌលមានទឹកប្រើប្រាស់ និងផ្តល់មធ្យោបាយសម្រាប់ដាំដុះបន្លែដល់ស្ត្រីនៅមជ្ឈមណ្ឌលនេះ។ អង្គការបន្ទាយស្រីបានលើកទឹកចិត្តសហគមន៍ឱ្យលើកឡើងនូវតម្រូវការនេះនៅក្នុងផែនការអភិវឌ្ឍន៍ភូមិរបស់ពួកគេ និងស្នើសុំការគាំទ្រពីក្រុមប្រឹក្សាឃុំ-សង្កាត់របស់ពួកគេ។