This website works best with JavaScript enabled.
ឧបត្ថម្ភ Close

មកស្គាល់ ស៊ុន ម៉ាលី ប្រធានក្រុមគម្រោងផ្ទះសុវត្ថិភាព

ស៊ុន ម៉ាលី ប្រធានក្រុមគម្រោងផ្ទះុសុវត្ថិភាព

ស៊ុន ម៉ាលី ប្រធានក្រុមគម្រោងផ្ទះុសុវត្ថិភាព

ទីតាំង: ផ្ទះសុវត្ថិភាពរបស់អង្គការបន្ទាយស្រី ខេត្តបាត់ដំបង

សេចក្ដីសង្ខេប: ស៊ុន ម៉ាលី ប្រធានក្រុមគម្រោងផ្ទះសុវត្ថិភាពនៅអង្គការបន្ទាយស្រី។ នាងប្រើប្រាស់ការតស៊ូមតិដើម្បីកែលម្អស្ថានភាពសម្រាប់ជនរងគ្រោះពីអំពើហិង្សាផ្នែកយេនឌ័រ។

“ខ្ញុំតែងតែលើកបញ្ហានេះជាមួយអាជ្ញាធរ។ ខ្ញុំ​មិន​ខ្លាច​នឹងនិយាយ​ទេ។ ខ្ញុំ​មិន​ខ្លាច​ទេ ព្រោះ​បើ​ខ្ញុំ​ធ្វើ​ល្អ នោះ​រឿង​ល្អ​ៗនឹង​កើត​ឡើង» នេះបើតាម ស៊ុន ម៉ាលី ប្រធាន​ក្រុមគម្រោងផ្ទះសុវត្ថិភាពនៅអង្គការ​បន្ទាយ​ស្រី។

ម៉ាលីបានចាប់ផ្តើមធ្វើការឱ្យអង្គការបន្ទាយស្រីក្នុងឆ្នាំ ២០០៨ ជាអ្នកសម្របសម្រួលគម្រោង ហើយក្រោយមកបានក្លាយជាប្រធានក្រុមម្រោងផ្ទះសុវត្ថិភាព ។ តួនាទីរបស់ម៉ាលី ពាក់ព័ន្ធនឹងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូក្នុងស្រុក ជួយសម្រួលដល់ការគាំទ្រអតិថិជន បង្កើតទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន និងជួយបុគ្គលិកលើភាពតានតឹងនិងការលំបាកដែលពួកគេប្រឈមមុខ ក្នុងការប្រឹក្សាជាមួយជនរងគ្រោះពីអំពើហិង្សាផ្នែកយេនឌ័រ។

បន្ថែមពីលើទំនួលខុសត្រូវស្នូលរបស់នាងនៅមជ្ឈមណ្ឌលនេះ ម៉ាលីបានដើរតួយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើហឹង្សាផ្នែកយេនឌ័រ ដោយធ្វើការតស៊ូមតិយ៉ាងសកម្មក្នុងនាមអតិថិជនរបស់នាងជាមួយអាជ្ញាធរមូលដ្ឋាន និងតែងតែបង្ហាញមុខតាមស្ថានីយ៍វិទ្យុក្នុងស្រុកក្នុងនាមជាវាគ្មិន។ “ស្ទីលនៃការតស៊ូមតិរបស់ខ្ញុំពាក់ព័ន្ធនឹងការនិយាយ – គឺខ្ញុំតែងតែនិយាយដើម្បីព្យាយាមដោះស្រាយបញ្ហា។ ប្រសិន​បើ​ខ្ញុំ​មិន​អាច​ដោះ​ស្រាយ​ដោយ​ការ​និយាយ​បាន​ទេ នោះខ្ញុំ​នឹងឡើង​វិទ្យុ ឬ​កាសែតដើម្បីនិយាយបន្ថែម» ម៉ាលី​ពន្យល់។

នៅខែសីហា ឆ្នាំ ២០១២ ជនរងគ្រោះពីការរំលោភសេពសន្ថវៈអាយុ ៥ ឆ្នាំម្នាក់ ត្រូវបាននាំយកទៅផ្ទះសុវត្ថិភាព ។ ម៉ាលីបាននាំក្មេងស្រីនោះទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបុគ្គលិកពេទ្យបានប្រាប់ឱ្យនាងត្រឡប់មកវិញព្រោះមិនមានគ្រូពេទ្យធ្វើការទេ នៅថ្ងៃចុងសប្តាហ៍។ “បុគ្គលិក​នោះបញ្ចេញកាយវិការ​ឈ្លើយ​ចំពោះ​ខ្ញុំ ដោយ​ប្រាប់​ខ្ញុំ​ថា ​ខ្ញុំ​ត្រូវ​ការ​លិខិត​ស្នើសុំ ហើយ​គ្រូពេទ្យ​ប្រាប់​ខ្ញុំ​ថា នេះ​ជា​បញ្ហា​សង្គម ហើយ​គាត់​មិន​អាច​ជួយ​បាន​ទេ។ ខ្ញុំ​បាន​ទូរសព្ទ​ទៅ​ប្រធាន​មន្ទីរពេទ្យ​ដើម្បី​ត្អូញត្អែរពីរឿងនេះ ហើយ​បុគ្គលិក​នោះខឹង​នឹង​ខ្ញុំ​ខ្លាំងណាស់ដែលលើកឡើងថាគាត់បាននិយាយ​ថា​វា​មិន​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ»។ ម៉ាលី​បាន​ហៅទូរសព្ទ​ទៅ​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុកមួយ ​ដែល​ពេលនោះគេបានចាក់​ផ្សាយ​រឿង​នេះ​ភ្លាមៗ។ បន្តិចក្រោយមក មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងបានប្រកាសថា ពួកគេបានផ្លាស់ប្តូរគោលការណ៍ ហើយពួកគេនឹងបន្ថែមការពិនិត្យជម្ងឺជូនជនរងគ្រោះនៅថ្ងៃចុងសប្តាហ៍ និងនៅថ្ងៃបុណ្យជាតិ។

ការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងគោលនយោបាយមន្ទីរពេទ្យនេះ គឺដោយសារតែការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ម៉ាលី ក្នុងការតស៊ូមតិដើម្បីសិទ្ធិរបស់អតិថិជនរបស់នាង។ “អតិថិជនរបស់យើងភាគច្រើនមានកម្រិតអប់រំទាប ហើយពួកគេនៅតែគិតថាស្ត្រីមានតម្លៃទាបជាងបុរស។ ពួកគេមិនដឹងអំពីសិទ្ធិ និងឱកាសរបស់ពួកគេទេ។ ពេល​ខ្ញុំ​ឃើញ​ក្មេង​ស្រី​ដែល​មកផ្ទះសុវត្ថិភាព ខ្ញុំ​តែង​តែ​គិត​ដល់​កូន​ស្រី​ខ្ញុំ ហើយខ្ញុំមានការ​សោក​ស្តាយ និង​ខឹងខ្លាំង​ណាស់​ដែល​មាន​រឿង​មិនយុត្តិធម៌កើតឡើង​នៅ​ស្រុក​ខ្មែរ»។ ចន្លោះខែកក្កដា ឆ្នាំ២០១១ ដល់ខែមិថុនា ឆ្នាំ២០១២ មជ្ឈមណ្ឌលនេះបានជួយជនរងគ្រោះពីការរំលោភសេពសន្ថវៈចំនួន ៦០នាក់ ដែលក្នុងនោះ ៥១នាក់មានអាយុក្រោម១៨ឆ្នាំ។

ពេលនេះ ម៉ាលី កំពុងប្រើប្រាស់ជំនាញ និងបទពិសោធន៍របស់នាង ដើម្បីជួយដល់ផ្ទះសុវត្ថិភាព ដែលទើបបង្កើតថ្មីរបស់អង្គការបន្ទាយស្រី ក្នុងខេត្តសៀមរាប ឲ្យមានទំនាក់ទំនងល្អជាមួយអាជ្ញាធរមូលដ្ឋាន។ ហេតុដូច្នេះហើយ ម៉ាលី​ជា​គំរូ​នៃ​ប្រភេទ​ភាព​ជា​អ្នក​ដឹក​នាំ​ស្ត្រី​ដែលអង្គការ​បន្ទាយ​ស្រី​លើក​តម្កើង។ នៅ​ពេល​សួរ​ថា តើ​នាង​ខ្លាច​ក្នុង​ការ​បញ្ចេញ​មតិ​ជាមួយ​អាជ្ញាធរ​ឬ​អត់​ ម៉ាលីឆ្លើយ​ទាំង​មាន​ទំនុក​ចិត្ត​ថា “ខ្ញុំ​មិន​ខ្លាច​ទេ។ ខ្ញុំ​មាន​កម្លាំង​គ្រប់គ្រាន់​ក្នុង​ការ​និយាយ​ជាមួយ​ពួកគេ»។